ពលរដ្ឋហ្វីលីពីនសម្រុកទៅទិញទំនិញស្តុកទុក ខណៈករណីឆ្លងវីរុសកូវីដ-១៩​ ឡើងជិត៥០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2020 ក+ ក-

ហ្វីលីពីន ៖ តាមទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា អ្នកស្រុកបានសម្រុកទៅទិញទំនិញដើម្បីស្តុកទុក និងស្វែងរកទំនិញដូចជាម៉ាសមុខ​ ទឹកលាងដៃសម្លាប់មេរោគ​ និងស្បៀងអាហារ ខណៈដែលករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសហ្វីលីពីនបានឡើងដល់៤៩នាក់គិតមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ដោយសារ​ការភ័យខ្លាចចំពោះការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស និងការភ័យខ្លាចពីលទ្ធភាពនៃការរឹតបន្តឹងការធ្វើដំណើរ ព្រមទាំងភាពមិនស៊ីសង្វាក់គ្នានៃការផ្ដល់ព័ត៌មានពីសំណាក់រដ្ឋាភិបាលបានជំរុញឲ្យពលរដ្ឋហ្វីលីពីនជ្រួលច្របល់ទៅទិញទំនិញស្តុកទុកនៅក្នុងរដ្ឋធានីម៉ានីល។
កាលពីថ្ងៃពុធ​ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថាការផ្ទុះឡើងនៃកូរ៉ូណាវីរុសគឺជាការឆ្លងរាតត្បាតាសកល។ យោងតាមអង្គការសុខភាពពិភពលោក​ មនុស្សជាង១២៤,៥០០នាក់បានឆ្លងកូរ៉ូណាវីរុស​ និងជាង៤,៦០០នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះនៅទូទាំងពិភពលោក៕