៦ ដើមឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាធ្លាក់ចុះជាង៣០ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2020 ក+ ក-

ភ្នំពេញ ៖ ដើមឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះរហូតដល់ ៣០,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ការធ្លាក់ចុះនេះ គឺត្រូវបានគ្រប់គ្នាដឹងហើយថាមកពីជំងឺកូវីដ១៩ ហើយការធ្លាក់ចុះភ្ញៀវនេះដែរ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ គឺស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក ដែលបង្កើតអោយមានវិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរ ។

យោងតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបុណ្យទន្លេកាលពីល្ងាចថ្ងៃទី១៤ មីនា ២០២០នៅខេត្តបាត់ដំបង ថា នៅដើមឆ្នាំ២០២០ នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានធ្លាក់ចុះប្រមាណជា ៣០,៧% ក្នុងនោះទេសចរចិន បានធ្លាក់ចុះក្នុងរង្វង់ ៤០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។តាមទិន្នន័យនេះ បើប្រៀបធៀបជាមួយគោលដៅទេសចរណ៍ក្នុងតំបន់ ប្រទេសជិតខាងកម្ពុជាអត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា គឺមានកំរិតស្រាលនៅឡើយ។

ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងទទួលរងនូវវិបត្តិទេសចរណ៍ដែលកើតឡើងដោយសារជំងឺកូវីដ១៩ នេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន ដូចជាមិនយកពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារនៅក្នុងខេត្តសៀមរាប ដោយសារតែខេត្តនេះ បានរងផលប៉ះពាល់ច្រើនជាងគេ បើធៀបនឹងតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ ក្រសួងទេសចរណ៍ មិនព្រងើយកន្តើយនោះទេ គឺក្រសួងបានត្រៀមរៀបចំនូវសកម្មភាពមួយចំនួននៅក្នុងខេត្តសៀមរាប ធ្វើយ៉ាងណាអោយអាជីវកម្មទាំងអស់នៅក្នុងខេត្តសៀមរាប ធានាបាននូវចំនូលបានខ្លះសម្រាប់ផ្គត់ផ្គង់ថ្លៃ បុគ្គលិកមួយផ្នែក និងថ្លៃទឹក ភ្លើងមួយផ្នែកខ្លះ ដើម្បីកុំអោយបាត់ដំណើរការទេសចរណ៍ ។ ក្រៅពីនោះក្រសួងទេសចរណ៍ក៏បានរៀបចំ នូវកម្មវិធីសិក្ខាសាលា និងព្រឹត្តិការណ៍នានា ដោយបានដាក់ផែនការរួចរាល់ហើយ ដើម្បីរៀបចំនៅក្នុងទឹកដីខេត្តសៀមរាប ប៉ុន្តែជាចៃដន្យកម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩លើបុរសជនជាតិខ្មែរមួយរូបនៅក្នុងខេត្តសៀមរាប ហើយរដ្ឋាភិបាលក៏បានប្រកាសបិទសាលារៀននៅក្រុងសៀមរាប ដូច្នេះហើយកម្មវិធីមួយចំនួន ដែលត្រូវធ្វើនៅអំឡុងខែមីនា ក្នុងខេត្តសៀមរាប ក៏ត្រូវផ្អាកដំណើរការសិន និងរង់ចាំមើលស្ថានភាព និងរង់ចាំគោលការណ៍ណែនាំពីរាជរដ្ឋាភិបាលជាថ្មី ។ ក្រៅពីនោះ ព្រឹត្តិការណ៍សំខាន់ៗដូចជាអង្គរសង្ក្រាន នៅខេត្តសៀមរាប ក៏ត្រូវបានរាជរដ្ឋាភិបាលប្រកាសបិទដែរ ។

លោកបន្តថា ចាប់ពីខែមីនា ដល់ដំណាច់ឆ្នាំ ២០២០ ក្រសួងទេសចរណ៍បានរៀបចំ ផែនការរួចហើយសម្រាប់ព្រឹត្តិការណ៍នានា នៅក្នុងខេត្តសៀមរាប បូកទាំងសិក្ខាសាលានានាផងដែរ ហើយក្រសួងនៅតែត្រៀមខ្លួនជានិច្ច ដោយរង់ចាំមើលស្ថានភាពធូរស្រាលពេលណា នឹងចាប់ផ្ដើមដំណើរការពេលនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់សៀមរាបឡើងវិញ ក៏ប៉ុន្តែក្នុងស្ថានភាពបែបនេះក្រសួងក៏មិនអាចរៀបចំបានឡើយ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៦១លាននាក់កើនឡើង ៦,៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលរកចំណូលជាតិបានប្រមាណ ៤.៩១៩លានដុល្លារអាមេរិក កើនឡើង ១២,៤ភាគរយ ធៀបនឹងឆ្នាំ២០១៨ ផ្ដល់ការងារប្រមាណ ៦៣ម៉ឺននាក់ ដោយបានរួមចំណែកក្នុងផលិតក្នុងស្រុកសរុបប្រមាណ ១២,១ភាគរយ។

គួររំលឹកថា ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរមកពីប្រទេសទាំង៦ មកដល់កម្ពុជា ៖
១.Italy 40,916នាក់ ២. Spain 45,416 នាក់ ៣. France 164,117 នាក់ ៤. Iran 1,373 នាក់ ៥. Germany 94,371 នាក់ និងទី៦. United Of America 248,863 នាក់
ដែលប្រទេសទាំងនេះ ត្រូវបានផ្អាកចូលកម្ពុជាមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ៕