នាយករដ្ឋមន្រ្តីថៃនឹងដាក់ប្រទេសក្នុងគ្រាអាសន្ន៣០ថ្ងៃ ដើម្បីទប់ស្កាត់ COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2020 ក+ ក-

បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសថៃនឹងត្រូវដាក់ក្នុងគ្រាមានគ្រោះអាសន្ន សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីមានការឆ្លងដល់មនុស្សច្រើនជាង៨០០នាក់ និងបណ្តាលឲ្យ៤នាក់ស្លាប់។ នេះបើតាមសារព័ត៌មាន Bloomberg។

លោក ប្រាយុទ្ធ បានប្រកាសពីដំណឹងខាងលើ តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងក្រោយការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ស្តីពីស្ថានការណ៍ COVID-19 នៅប្រទេសថៃ។ បើតាមលោកនាយករដ្ឋមន្រ្តីថៃ ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃ ទី២៦ ខែមីនា ដោយលោកបានសម្រេចទុកពេលប៉ុន្មានថ្ងៃឲ្យប្រជាជនត្រៀមលក្ខណៈ។

បើតាម ក្រសួងសុខាភិបាលថៃបានប្រកាសនៅថ្ងៃអង្គារនេះថា អ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់៨២៧នាក់ និងស្លាប់សរុប៤នាក់ បន្ទាប់ពីចំនួន១០៦នាក់ថ្មី ត្រូវបានរាយការណ៍រកឃើញមេរោគនេះ ហើយអ្នកជំងឺ៣នាក់ថែមទៀតបានបាត់បង់ជីវិត៕