ឥណ្ឌាសម្រេចឃុំពលរដ្ឋ១,៣ពាន់លាននាក់មិនឲ្យទៅណា ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ឥណ្ឌា ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានដាក់ចេញនូវវិធានការណ៍បិទប្រទេសទាំងមូល ក្នុងគោលបំណងដើម្បីកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលការរឹតបន្តឹងនេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រនាថ្ងៃទី២៤ ខែមីនាម្សិលមិញ ហើយនឹងត្រូវអនុវត្តរយៈពេល២១ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន BBC។

លោក Modi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “នឹងហាមឃាត់ទាំងស្រុងមិនឲ្យចេញពីផ្ទះឡើយ”។ ទន្ទឹមនោះ លោកបានអំពាវនាវដល់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោ និងព្រមានថា ការសម្រុកទៅទិញឥវ៉ាន់អាចនឹងឆ្លងជំងឺកាន់តែលឿន ប៉ុន្តែហ្វូងមនុស្សបានប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័សនៅហាងទំនិញជាច្រើន ក្នុងរដ្ឋធានី Delhi, Mumbai និងទីក្រុងដទៃទៀត។

អ្នកឆ្លើយឆ្លងព័ត៌មានបាននិយាយថា គេមិនទាន់ដឹងច្បាស់ទេថា តើនៅពេលណាដែលពលរដ្ឋនឹងត្រូវអនុញ្ញាតឲ្យចេញទៅទិញអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ នៅក្នុងប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ៥១៩នាក់មកហើយ និងមានមនុស្សស្លាប់ចំនួន១០នាក់ផងដែរ៕