អាជ្ញាធរខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់អាជ្ញាធរមូលដ្ឋាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ នេះ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពីវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកស្រីសន្ធរ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេសផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ហេង វណ្ណនី អភិបាលរងខេត្ត បានលើកឡើងថា ចំពោះមន្ត្រីពាក់ព័ន្ធ ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត នៅតាមភូមិនីមួយៗ តាមទីប្រជុំជនផ្សារ និង តាមខ្នងផ្ទះ ដោយការចាក់ខ្សែអាត់សំលេង និង ចែកខិតបណ្ណ័ ជាពិសេស ត្រូវ ជួបផ្ទាល់ធ្វើការអប់រំចំពោះ អ្នកចំណូលស្រុកតាមគ្រួសារនីមួយៗ ដោយតំរូវអោយស្នាក់នៅដាច់ដោយឡែក ពីសមាជិកគ្រួសារ រយៈពេល១៤ ថ្ងៃ ដើម្បី តាមដានសុខភាព តាមការណែនាំផ្នែកសុខាភិបាល ដែលជាការចូលរួមទប់ស្កាត់ការីករាលដាលមេរោគកូវិដ១៩ ដល់សហគមន៍។ តែទោះជាយ៉ាងណា ការដាក់អោយនៅដាច់ដោយឡែក វាមិនមែនជាការរេីសអេីងដែរ ព្រោះដើម្បីចូលរួមបង្កា ជំងឺរាតត្បាតដ៏កាចសាហាវ ដែលពិភពលោក កំពុងព្រួយបារម្ភ។ ដូច្នេះ តម្រូវឲ្យយើង មានការប្រុងប្រយ័ត្នខ្ពស់ ទេីបមានសុវត្ថិភាពទាំងអស់គ្នា។

លោក ហេង វណ្ណនី បានបញ្ជាក់ផងដែរថា ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសនេះ សូមបងប្អូនប្រជាពលរដ្ឋដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ កុំឲ្យមានការភ័យខ្លាចអ្វីឡើយ ចំពោះការនៅដាក់អោយរស់នៅដាច់ដោយឡែកនោះ តែជាការធ្វើឡើង ក្នុងគោលបំណង សុខសុវត្ថិភាពគ្រួសារយើង សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ ។ ម្យ៉ាងវិញទៀត សូមកុំមានការរើសអើង ត្រូវចូលរួមជួយគ្នាទៅវិញទៅមក ចំពោះមនុស្សទូទៅ ដោយកុំមានការសង្សយ័ ប្រសិនបើ ឃើញមានបងប្អូនណាម្នាក់ឈឺ ឡើងកំដៅ ក្អក ឈឺបំពង់ក ហត់ណែនដើមទ្រូង ពិបាកដកដង្ហើម ត្រូវណែនាំអោយទៅ មណ្ឌលសុខភាព ឫ មន្ទីរពេទ្យបង្អែក ដើម្បីពិនិត្យ ព្យាបាល ឬ តេទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងទាំង១០ក្រុង-ស្រុកទូទាំងខេត្តកំពង់ចាម ដោយផ្តោតទៅលើ ១-ការពិនិត្យមើលបញ្ជី ពលករ ពលការីនី ដែលទើបត្រឡប់ មកដល់មូលដ្ឋានរបស់ខ្លួន។ ២-ណែនាំឲ្យពួកគាត់ស្នាក់នៅដាច់ដោយឡែក នៅពេលដែលគាត់មកផ្ទះ ៣-ត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំចំពោះមុខសញ្ញាដែលបានណែនាំរួច និងឲ្យបន្តណែនាំដល់មិត្តភ័ក្ត្ររបស់គាត់ ដែលធ្លាប់ទំនាក់ទំនង និងណែនាំដល់គ្រួសារ ឲ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទាំងការរស់នៅស្អាត មានអនាមយ័ លាងដៃនឹងសាប៊ូ ឬ អាកុលជាប់ជាប្រចាំ, ពាក់ម៉ាស់ ឬកន្សែង ៤-បន្តការផ្សព្វផ្សាយរូបភាពនៅនឹងកន្លែង និងចល័តតាមមូលដ្ឋាន ៥-ផ្តល់ព័ត៌មានដល់ សមត្ថកិច្ច មណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ពួកគាត់ នៅពេលមានការសង្ស័យ អំពីបញ្ហាសុខភាពផ្ទាល់ខ្លួន។ និង៦-រដ្ឋបាលក្រុង ស្រុក ត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំផងដែរ ៕ ដោយ ៖ ប៉ែន សុផល