អ្នកឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់១០២នាក់ ខណៈអ្នកជាសះស្បើយកើនដល់១៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបកើនដល់១៣នាក់) គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

គិតត្រឹមម៉ោង៧៖០០ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត។ ដោយឡែកសម្រាប់អ្នកដែលទើបនឹងជាសះស្បើយថ្មីនេះ មានបុរសអាយុ៦៤ឆ្នាំ នៅរាជធានីភ្នំពេញ និងបុរសអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។

សម្រាប់ជនជាតិខ្មែរ៤នាក់ ដែលរកឃើញឆ្លងថ្មីនេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន)។ បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសអាយុ៣៩ឆ្នាំ ក៏មានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសាររបស់គាត់៣នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពតិចតួចដែរ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនានេះដែរ ក្រសួងសុខាភិបាល បានយកសំណាកបុរសជនជាតិចិន២នាក់ ក្នុងចំណោមជនជាតិចិន១៧៤នាក់ ដែលហោះហើរពីប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែមីនា ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយនៅថ្ងៃទី២៧ ខែមីនា។ ពួកគាត់បានសម្រាកនៅសណ្ឋាគារមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមានផងដែរ។

សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៩១នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕