ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា បានផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាមបណ្ដាញ Facebook ដោយគ្មានការអនុញ្ញាតនោះត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម្សិលមិញ ។ ការឃាត់ខ្លួនស្ត្រីរូបនោះធ្វើឡើងនៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ នាព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរូបនោះឈ្មោះ វ៉ា វួចគៀង អាយុ២៦ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ ផ្ទះជួល ហើយត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្ត្រីរូបនោះបានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ពិតប្រាកដមែន។
ប៉ុន្តែនាងអះអាងថា រូបគាត់គ្រាន់តែជួយបង្ហោះផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីលក់ឧបករណ៍ ខាងលើនេះឲ្យឈ្មោះ ម៉ូនីតា សុខ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើ មានអ្នកកម្មង់ទិញ ខ្លួននឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់ យកមកលក់បន្ត ខណៈជាក់ស្ដែង នាងពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ។
តាមមន្ត្រីនគរបាលខ័ណ្ឌឫស្សីកែវបានឲ្យដឹងថា ក្រោយការសាកសួរសមត្ថកិច្ចខ័ណ្ឌបានបញ្ជូនស្ត្រីខាងលើនេះបន្តទៅស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕