ភ្នំពេញ ៖ ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំផ្ដល់សេចក្ដីទុកចិត្តនោះ បានអញ្ជើញចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង វេលាម៉ោង ៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រិត្យកែសម្រួលតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មី ក្នុងនោះតែងតាំងឥស្សរជនជាទេសរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មីចំនួន៥រូប តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្រាប់តំណែងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស មានឥស្សរជន ៤រូប រួមមាន ៖ លោក ហ៊ឹម ឆែម ,លោក អង្គ វង្សវឌ្ឍានា , លោក ត្រាំ អ៊ីវតឹក និងលោក ពេជ្រ ប៊ុនធិន ដោយឡែក លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះដែរ ក៏មានរដ្ឋមន្ដ្រីថ្មី ចំនួន ៤រូប គឺ៖ ១.លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ២.លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ៣.លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និង៤.លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕