ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា “ចាត់វិធានការទាំងអស់ ១២ករណី នៅភ្នំពេញមាន ៩ករណី នៅខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១២ករណី ទាំងអស់សរុប ១២ករណី ចាប់មនុស្សចំនួន ១៣នាក់ ក្នុងនោះមានចិន ៥នាក់ ហើយអប់រំឲ្យត្រឡប់ទៅវិញ ៤នាក់ និងបន្តនីតិវិធីចំនួន ០៩នាក់។ វត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ ខែមីនា នៅវិមានរដ្ឋសភាថា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្នាំណា ដែលថាព្យាបាលជា ហើយឧបករណ៍ណា ដែលថាធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង»៕