កូវីដ-១៩ ៖ រដ្ឋាភិបាលលូកដៃអន្តរាគមន៍ដល់អ្នកជំពាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងកាលៈទេសៈ ដែលស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរាលដាល និងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និងបណ្ដាប្រទេសជាច្រើនលើពិភពលោក រដ្ឋាភិបាលនៃបណ្ដាប្រទេសនីមួយៗ បានលូកដៃកាន់តែច្រើនទៅក្នុងវិស័យឯកជន ដើម្បីសុំអោយវិស័យឯកជន ជួយបន្ធូបន្ថយ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ជាក់ស្ដែង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជា បានលូក ដៃចូលអន្តរាគមន៍ស្នើសុំឲ្យគ្រឹះស្ថានទាំងនេះ ជួយបន្ធូរបន្ថយកម្រិតណាមួយ ដើម្បីជួយពលរដ្ឋក្នុងគ្រាដែលពលរដ្ឋកំពុងជួបទុក្ខលំបាកបាត់បង់ចំណូលកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានតម្រូវអោយគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែង និងអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាព ដូចជាវិស័យទេសចរណ៍៍ រួមមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ វិស័យកាត់ដេរ ដោយបញ្ចូលទាំងកម្មករនិយោជិត វិស័យសំណង់គឺចំពោះតែឥណទានសាងសង់ផ្ទះឬហាងដំបូង និងឥណទានទិញផ្ទះដំបូង និងវិស័យដឹកជញ្ជូន ដោយរាប់បញ្ចូលទាំងអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បីជាដើម ។

បើតាមលោកង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃក្រុមហ៊ុននិងជាអ្នកវិភាគសេដ្ឋកិច្ចមួយរូបបាននិយាយថាលោកគាំទ្រធនាគារជាតិនៃកម្ពុជាដែលបានចេញសារាចរណែនាំអោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌកម្ចី និងការសងត្រលប់ ។ យ៉ាងណាសារាចរនេះមិនទាន់មានលក្ខណៈបរិយាបន័្ន គ្របដណ្តប់គ្រប់វិស័យនៅឡើយ ពោលគឺមានវិសាលភាពគ្របដណ្តប់តែវិស័យអាទិភាពបួនប៉ុណ្ណោះ រួមមាន (ទេសចរណ៍ សំណង់ កាត់ដេរ និងការដឹកជញ្ជូន)។

លោកបន្តថា ក្នុងកាលៈទេសៈនេះ ធនាគារជាតិគប្បីពង្រីកវិសាលភាពនៃសារាចរនេះអោយគ្របដណ្តប់វិស័យដទៃទៀតត្បិតអីផលប៉ៈពាល់នៃជំងឺឆ្លងកូវីដ១៩នេះមានផលអវិជ្ជមានស្ទើរគ្រប់វិស័យទាំងអស់ ។ លោកជឿជាក់ថាប្រសិនបើស្ថានភាពរីករាលដាលនៃកូវីដ១៩នៅតែបន្ត រដ្ឋាភិបាលប្រហែលជាត្រូវលូកដៃអោយជ្រៅជាងនេះ ។ ឧទាហរណ៍ ដូចជាការទិញផ្ទះបង់រំលស់ជាមួយបុរី ត្បិតវិសាលភាពនៃសារាចរខាងលើមិនមានការគ្របដណ្តប់លើផ្នែកនេះទេ ។

ពាក់ព័ន្ធបញ្ហាដែលកំពុងប្រឈម ពីឥទ្ធិពលនៃជំងឺកូវីដ ១៩នេះដែរ សហជីពកម្ពុជាជាច្រើនបានស្នើអោយរដ្ឋាភិបាលជួយអន្តរាគមន៍ផងដែរ ទៅដល់កម្មករកម្មការិនី រោងចក្រដែលកំពុងរងផលប៉ះពាល់ ពីការអត់ការងារ និងបាត់បង់ចំណូលទាំងស្រុង ។

បើតាមលោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានអោយដឹងថា រហូតមកដល់ពេលនេះកម្មករប្រមាណ ៣ម៉ឺននាក់ហើយដែលបាត់បង់ការងារ និងចំណូល ហើយបន្តបន្ទាប់ បើសិនជាស្ថានភាពកាន់តែអាក្រក់ទៀតនោះ នៅខែក្រោយៗនេះអត្រាអ្នកអត់ការងារធ្វើនឹងកាន់តែច្រើនៗឡើង ទី១ ស្ថានភាពជំងឺកាន់តែរាលដាល ធ្វើអោយរោងចក្រត្រូវ បិទទ្វារ ដើម្បីការពារ ការរីករាលដាលនៃជំងឺនេះ ។ មួយទៀតនោះបណ្ដាអ្នកបញ្ជាទិញសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងទីផ្សារសហភាពអឺរ៉ុបក៏បានស្នើអោយផ្អាកការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសទាំងនោះមួយរយៈ ដោយសារតែ ប្រទេសទាំងនោះ ក៏ជួបបញ្ហាធ្ងន់ធ្ងរពីជំងឺកូវីដ ១៩នេះដែរ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ២០២០ កម្ពុជារកឃើញករណីអ្នកផ្ទុកកូវីដ ១៩ ទូទាំងប្រទេសចំនួន ១០៩នាក់ក្នុងនោះ មានអ្នកជាសរុប ២៣នាក់ បូកទាំងជនជាតិចិនម្នាក់ នៅកំពង់សោម ។ ចំណែកស្ថានភាពនៅលើពិភពលោកវិញ ឃើញថា សហរដ្ឋអាមេរិករកឃើញអ្នកផ្ទុកជំងឺនេះ ច្រើនជាងគេរហូតដល់ជាង១៦ម៉ឺននាក់ តែប្រទេសអ៊ីតាលី ជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺនេះ ច្រើនជាងរហូតដល់ជាង ១ម៉ឺន ១ពាន់នាក់ ខណៈលើពិភពលោកមានអ្នកស្លាប់សរុបចំនួន ជាង ៣ម៉ឺន ៧ពាន់នាក់ ៕