កម្ពុជា ទទួលបានថ្នាំបាញ់សម្លាប់មេរោគក្នុងយន្តហោះ និងក្នុងស្ថាប័នថ្នាក់ដឹកនាំកំពូលៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2020 ក+ ក-

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ថ្នាំបាញ់សម្លាប់មេរោគ ដល់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលកម្ពុជា ចំនួន ២០ធុង(១ធុងចំណុះ២៥លីត្រ) និងឧបករណ៍បាញ់ថ្នាំចំនួន ៤០គ្រឿងសម្រាប់បាញ់លើយន្តហោះ លើព្រះទីនាំង និងប្រើប្រាស់លើទីតាំងដែលចាំបាច់របស់ថ្នាក់ដឹកនាំកំពូលៗ និងព្រះមហាក្សត្រ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះថា ថ្នាំបាញ់ចំនួន ២០ធុង និងឧបករណ៍បាញ់ថ្នាំទាំង ៤០គ្រឿងនេះ មានសារៈសំខាន់ណាស់សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ដែលជាព្រះទីនាំងនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួមទាំងថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលត្រូវការជាចាំបាច់ ក្នុងគោលបំណងទប់ស្កាត់ និងការពារការរាលដាលមេរោគ កូវិដ ១៩ (COVID 19) ដែលកម្ពុជាបានរកឃើញជាបន្តបន្ទាប់៕