អ្នកឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់១១៤នាក់ ខណៈអ្នកជំងឺជាសះស្បើយកើនដល់៣៥នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤ នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

អ្នកជំងឺថ្មីទាំង៤នាក់នោះ មានទី១ ៖ បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ ទី២ ៖ ស្ត្រីជនជាតិបារាំងអាយុ ៦៧ឆ្នាំដែលជាអ្នកទេសចរបារាំង ក្នុងក្រុមជាមួយនឹងអ្នកទេសចរបារំាង៣០នាក់ដែលមួយចំនួនធំត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទី៣៖ ស្ត្រីជនជាតិបារាំងអាយុ៥៩ឆ្នាំ ក្នុងចំណោមអ្នកទេសចរបារាំង ៤នាក់ផ្សេងពីក្រុមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជាមានវីរុសកូវីដ១៩ ចំនួន២នាក់ដំបូងគេ) ត្រូវបានដាក្យសម្រាបកព្យាបាលនៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ និងទី៤៖ បុរសជនជាតិម៉ាឡេស៊ីអាយុ ៤០ឆ្នាំជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។

ដោយឡែកអ្នកជំងឺដែលជាសះស្បើយនោះ គឺជាទារកអាយុ៤ខែ ជាកូនបង្កើតរបស់បុរសជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយដែរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកុមារជាតិ។

រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៣៦នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៧៩នាក់ ក្នុងចំណោមកូវីដ ១១៤ករណី៕