អាជ្ញាធរ​ខេត្តកំពង់ចាម​ ទទួល​សម្លៀកបំពាក់​៥ពាន់​កំប្លេ​ ពី​រោងចក្រ​កាត់ដេរ​​ សាន់ស៊ូ​ ដេីម្បីបន្ត​ចែកជូនដល់កុមារ​ទីទ័លក្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2020 ក+ ក-

ខេត្តកំពង់ចាម​ ៖ លោក ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ បាន​អញ្ជើញ​ចុះ​ទទួល​សម្លៀកបំពាក់​ ចំនួន​៥០០០​កំប្លេ​ ដែល​ក្រុមហ៊ុន​ SUN HSU GARMENT Co.Ltd បាន​ផ្ដល់​ជូន​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ដេីម្បី​បន្ត​ចែក​ជូន​ដល់​កុមារ​ ស្ថិត​ក្នុង​គ្រួសារ​​ទីទ័ល​ ជួប​ការ​លំបាក​ ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ​ កូវីដ១៩​ ដែលពិធី​ប្រគល់​ និង​ទទួល​នេះ​ ត្រូវ​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​​រោងចក្រ​កាត់ដេរ​សាន់ស៊ូ​ ស្ថិត​ក្នុង​ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​ លោក​ លោកស្រី​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ប្រតិភូអមដំណើរ​ បាន​ធ្វើ​ការត្រួត​ពិនិត្យ​ លេី​ឧបករណ៍​តាម​ដាន​សុខភាព​ ​ដេីម្បី​បង្ការ​ ​ទប់ស្កាត់​ ​ការ​រីករាលដាល​ ​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ដោយមិន​ឲ្យ​ឆ្លង​ដល់​កម្មករ​ កម្មការិនី​ ដែល​កំពុង​​បម្រើ​ការងារ​​ប្រមាណ​ជា​៤០០០នាក់​​ ក្នុង​រោងចក្រ​សាន់​ស៊ូ​ នោះឡើយ​ ហើយ ​លោកអភិបាលខេត្ត​​ ក៏បាន​ថ្លែង​អរគុណ​ ដល់​ក្រុមហ៊ុន​សានស៊ូ​ ដែល​បានអនុវត្ត​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីករាលដាល​ នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​ ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្លៀកបំពាក់​ ចំនួន​៥០០០កំប្លេ​ សម្រាប់​កុមារ​​ ស្ថិត​ក្នុង​គ្រួសារ​ទីទ័ល​ ជួប​ការ​លំបាក​ផងដែរ​។

ជាមួយគ្នា​នោះ​ លោក ​អភិបាលខេត្ត​ ក៏​បាន​ផ្តាំផ្ញេី​ដល់​ក្រុមហ៊ុន​ ត្រូវ​យកចិតទុកដាក់​ ក្នុង​ការ​ត្រួតពិនិត្យ​​តាម​ដាន​ ចំពោះ​សុខភាព​ បងប្អូន​កម្មករ​ កម្មការិនី​ ប្រកបដោយ​អនាម័យ​ ទាំង​ក្នុង​ពេល​បម្រើការ​ងារ​​ ​និង​ការ​ហូបចុក​ជា​ប្រចាំ​ បេី​មាន​បញ្ហា​លេី​ សុខភាព​ ត្រូវ​ប្រញាប់ប្រញាល់​ បញ្ជួនគាត់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផងដែរ​។

ដោយ​ឡែក​ លោក​អគ្គនាយកក្រុមហ៊ុន សាន់ស៊ូ​ បាន​ឲ្យដឹង​ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះ​បញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល​ ធ្វើការងា​ គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ​ ៕ ដោយ ៖ ប៉ែន សុផល