ពលរដ្ឋ​អ៊ីរ៉ង​ជាង​៦០០​នាក់​ស្លាប់ បន្ទាប់ពី​ផឹក​អាល់កុល​ដោយ​ជឿថា​អាច​ព្យាបាល​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2020 ក+ ក-

អ៊ីរ៉ង់ ៖ ប្រជាជន​អ៊ីរ៉ង់​រាប់រយ​នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់​ទៀត​កំពុង​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ផឹក​អាល់កុល​ដែលមាន​កំហាប់​ខ្ពស់ ដោយ​ជឿថា វា​អាច​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​បាន​។​

​អ្នកនាំពាក្យ​តុលាការ​អ៊ីរ៉ង់​លោក Gholam Hossein Esmaili បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង​៦០០​នាក់ បាន​ស្លាប់ បន្ទាប់ពី​ការប៉ុនប៉ង​ព្យាបាល ហើយ​ឥឡូវនេះ​មនុស្ស​ប្រមាណ​៣,០០០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក Esmaili បាន​និយាយថា “​ចំនួន​នេះ​គឺ​ខ្ពស់​ណាស់​ហើយ​វា​លើសពី​ការរំពឹងទុក​របស់​យើង​ទៅទៀត​។ ការផឹក​អាល់កុល​មិនមែនជា​ការព្យាបាល​ទេ ប៉ុន្តែ​វា​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​”​។ ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Tasnim របស់​រដ្ឋ លោក​បាន​បន្ថែមថា “​មនុស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​”​។​

​គួរ​បញ្ជាក់ថា ប្រទេស​អ៊ីរ៉ង់​គឺជា​កន្លែង​នៃ​ការផ្ទុះ​វីរុស​អាក្រក់​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយមាន​ករណី​នៃ​ការឆ្លង​ចំនួន​៦២,៥៨៩​ករណី និង​អ្នកស្លាប់​៣,៨៧២​នាក់​៕