លោក សុវណ្ណ រិទ្ធី ចាងហ្វាងការផ្សាយ TVFB ត្រូវបានចាប់ខ្លួនពីបទញុះញង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2020 ក+ ក-

ភ្នំពេញ ៖ លោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។ ការចាប់ខ្លួននេះ ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេចតេជោ ហ៊ុន សែន ដែលបាននិយាយនៅក្នុងសន្និសីទកាសែតថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ថា
«សម្ដេច ហ៊ុន សែន លោកបានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋដែលជួប្រឈមនឹងជំងឺ COVID-19ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។

ទោះជាយ៉ាងនេះក្តី លោក ឆាយ គឹមឃឿន បាននិយាយថា បើសិនជាពិនិត្យឃើញថា ជាករណីធ្ងន់ធ្ងរនោះ សមត្ថកិច្ចនឹងធ្វើបែបបទកសាងសំណុំលោក សុវណ្ណ រិទ្ធី បញ្ជូនទៅតុលាការ ប៉ុន្តែបើសិនជាករណីអចេតនា សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងណែនាំប៉ុណ្ណោះ៕