រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែក តាមរយៈវីដេអូ ខុនហ្វេរ៉េន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ កិច្ចប្រជុំ Video Conference នេះ ស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។

សូមជំ្របាថា កិច្ចប្រជុំនេះ សកម្មភាពរួមគ្នារបស់អាស៊ាន ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ាន និងឆ្លើយតបវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩៕