តុលាការចេញដីកាឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះបើយោងតាមដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

ការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងចោទប្រកាន់អគ្គនាយក TVFB បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ព័ត៌មាន TVFB ទាំងអស់ ដែលមាន​លោក សុវណ្ណ សុខា ជា​ម្ចាស់​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយសារតែ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​៕