កូវីដ១៩ ៖ សមត្ថកិច្ចខេត្តព្រះវិហារចុះអនុវត្តបទបញ្ជាផ្អាកការធ្វើដំណើរឆ្លងកាត់ចេញចូលក្រុង ស្រុក ខេត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋទូទៅចៀសផុតពីការឆ្លងរីករាលដាលរោគកូវីដ១៩ ដល់សហគមន៍ កម្លាំងចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គ្រប់បណ្តាក្រុង ស្រុក បាន និងកំពុងអនុវត្តន៍ចុះតាមគោលដៅ បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់ផងដែរ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា ច្រកចេញចូលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយ ទៅស្រុកមួយ បូករួមទាំងគោលដៅទេសចរណ៍ និងទីប្រជុំជនផងនោះ ចាប់តាំងពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ យប់ម៉ិញ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន និងកំពុងអនុវត្តន៍បិទការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត។

សកម្មភាពទាំងនេះ ត្រូវបានអនុវត្តតាមបទបញ្ជាបន្ទាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងកាលៈទេសៈពិសេសចំពោះមុខក្នុងពេលបច្ចុប្បន្នដើម្បីទប់ស្កាត់មិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍។

ក្នុងសកម្មភាពនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យដោយអនុវត្តតាមខ្លឹមសានៃបទបញ្ជារបស់រាជរដ្ឋាភិបាលទាំងស្រុង ទៅលើអ្នកដែលបន្តការធ្វើដំណើរនៅតាមបណ្តាច្រកចេញចូលទូទាំងខេត្តផង ក៏ដូចជាការជួបជុំប្រមូលផ្តុំផឹកស៊ីសប្បាយនៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍នានាផងដែរ ដែលសកម្មភាពមួយនេះ បានធ្វើអោយមតិមហាជនជាច្រើន បានសម្តែងការគាំទ្រ និងវាយតម្លៃថាជាវិធីសាស្ត្រដ៏ល្អប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រោយពីសមត្ថកិច្ចបានអនុវត្តតាមគោលដៅចំពោះការធ្វើចរាចរណ៍នៅតាមច្រកចេញចូលទាំងអស់ ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានការធ្វើចរាចរណ៍ឡើយ រហូតដល់ថ្ងៃទី១០ ខែមេសា នេះសូម្បីតែនៅតាមទីផ្សារមួយចំនួនក៏មានសភាពស្ងាត់ផងដែរ ដោយសារតែពួកគាត់បានយល់ដឹងអំពីកិច្ចខិតខំយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលទៅលើផលអាក្រក់របស់រោគដ៏កាចសាហាវមួយនេះ៕ ដោយ ៖ កូវ ប៊ុនហេង