ភ្លៀងកក់ខែ បំផ្លាញលំនៅឋាន សាលារៀន កុដិអស់ជាច្រើននៅស្រុកថ្មពួក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2020 ក+ ក-

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានឃុំចំនួនពីររបស់ស្រុកថ្មពួកបានរងឥទ្ធិពលនៃខ្យល់កន្ត្រាក់នៃភ្លៀងកក់ខែ បណ្តាលអោយផ្ទះសម្បែង សាលារៀន និងកុដិព្រះសង្ឃ បានរងនូវការខូចខាត។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២០ លើភូមិចំនួន៤ ក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល មូលដ្ឋានបានឲ្យដឹងថា៖នៅវេលាម៉ោង៥និង៣០នាទីល្ងាចមិញនេះ មានភ្លៀងកក់ខែ លាយឡំមកជាមួយផ្គររន្ទះនិងខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំគោករមៀត និង២ភូមិនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកបានរងនូវការខូចខាតសរុបចំនួន៥១ខ្នង សាលារៀន១និងនិងកុដិ១ខ្នង ។

ប្រភពដដែលបានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតលំនៅឋាន មាននៅឃុំគោករមៀតគឺភូមិតាម៉ាំងរបើកដំបូលអស់ចំនួន៤១ខ្នង ក្នុងនេះ ធ្ងន់ធ្ងរ៤ខ្នង និងធ្លាក់ពីលើកំណល់១ខ្នង របើកដំបូលសាលារៀន១ខ្នងនិងភូមិបឹងតាស្រីរបើកដំបូលអស់ចំនួន៩ខ្នង ធ្ងន់៥ ខ្នង កុដិ១ខ្នង ចំណែកឃុំបន្ទាយឆ្មារ ខូចខាតចំនួន៣ខ្នង គឺនៅភូមិដងរ៉ែក របើកដំបូលអស់ចំនួន២ខ្នងធ្ងន់និងភូមិប្រសាទត្បែងចំនួន១ខ្នងធ្ងន់សរុបទាំងអស់ចំនួន៥៣ខ្នង ក្នុងនោះ ធ្ងន់១២ ធ្លាក់ពីលកំណល់១ខ្នងនិងសលារៀន១ខ្នង កុដិ១ខ្នង៕