ក្រសួងសុខាភិបាល ៖ ករណី​ឆ្លង​វីរុសកូវី១៩ នៅ​ភ្នំពេញ អាច​នឹង​ចូលករណីឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយតូច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ករណីឆ្លងវីរុសកូវី១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាចនឹងចូលករណីឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូចប្រសិនបើការស្រាវជ្រាវបន្តរបស់ក្រុមការងាររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមគ្នាជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ រកឃើញថា មិនមានប្រភពនៃការចម្លងវីរុសកូវីដ១៩ ច្បាស់លាស់។

ការលើកឡើងដោយក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ គឺបន្ទាប់ពីរកឃើញករណីឆ្លងជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ហើយក្រសួងកំពុងសកម្មស្រាវជ្រាវរុករកជាបន្តទៀត នូវអ្នកដែលមានហានិភ័យខ្ពស់ និងហានិភ័យទាប ដើម្បីចាត់វិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការចម្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ ក៏ប៉ុន្តែ ក៏តម្រូវឱ្យមានការចូលរួមពីពលរដ្ឋទាំងអស់គ្នានៅក្នុងការអនុវត្តវិធានការទប់ស្កាត់នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន១២២នាក់ ស្រ្តីចំនួន៣៨នាក់ និងបុរស៨៤នាក់ ក្នុងខេត្តចំនួន១៣ ដែលបានកើតលើជនជាតិខ្មែរ ចិន អង់គ្លេស បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៊ែលហ្សិក កាណាដា អាមេរិក និងជនជាតិវៀតណាម។ ក្នុងនោះកម្ពុជាបានព្យាបាលជាសះស្បើយចំនួន៧៧នាក់ រួមមាន ៖ ជនជាតិខ្មែរ ៣៦នាក់, ចិន ១នាក់, អង់គ្លេស ៤នាក់, បារាំង ២៥នាក់, ម៉ាឡេស៊ី ១០នាក់ និងជនជាតិប៊ែលហ្សិក ១នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ ស្មើនឹង ៦៣,១១% បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ (Covid-19) ទាំងអស់។

ដោយឡែក អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន៤៥នាក់ មានស្តី្រ១៨នាក់ និងបុរស ២៧នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ៕