បាងកក ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ២៨ករណីថ្មី និងស្លាប់២នាក់ ដែលជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ អ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ២,៥៧៩នាក់ និងស្លាប់៤០នាក់ ខណៈអ្នកជំងឺ ១,២៨៨នាក់ បានជាសះស្បើយទាំងស្រុង គិតចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា មក។
អាជ្ញាធរសុខាភិបាលថៃថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ដែលភាគច្រើនត្រូវបានរាយការណ៍ក្នុងរដ្ឋធានីបាងកក មាន១៨ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ, ៧ករណីមិនមានជាប់ពាក់ព័ន្ធនឹងករណីចាស់ និង៣ករណី រកឃើញនៅលើពលរដ្ឋថៃ ៣នាក់ ធ្លាប់ធ្វើដំណើរទៅកាន់ខេត្ត Sulawesi ភាគខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីសាសនាមួយ កាលពីខែមីនាកន្លងទៅ៕