ក្រសួងសុខាភិបាលស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក១៤ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។

ក្នុងលិខិតលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័ត​របស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការ​សម្រុក​ចេញទៅស្រុកកំណើត។

យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប​ជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ៕