សិក្ខាកាមយោធាកម្ពុជាចំនួន៣រូបដែលកំពុងរៀន​នៅរុស្ស៊ី ឆ្លងកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2020 ក+ ក-

ភ្នំពេញ ៖ សិក្ខាកាមយោធាកម្ពុជាចំនួន៣រូប ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី បានឆ្លងនៅជំងឺកូវីដ ១៩ (COVID-19) បន្ទាប់ពីបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក៏បានរកឃើញលទ្ធផលវិជ្ជមាន។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំនៅម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

របាយការណ៍បន្តថា សិក្ខាកាមទាំងបីនាក់នេះ កំពុងសិក្សាឆ្នាំទី៣ ជំនាញវេជ្ជសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី។

ប្រភពដដែលបញ្ជាក់ថា មូលហេតុ នៃការឆ្លងនេះ គឺដោយសារមានការឆ្លងពីបណ្តាសិក្ខាកាមយោធាជនបរទេសដទៃទៀតដែលសិក្សាជំនាញជាមួយគ្នា។ បច្ចុប្បន្នសិក្ខាកាមយោធាកម្ពុជាទាំងបីរូបត្រូវបានខាងសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត។

យោងតាមការរាយការណ៍ពីប្រធានក្រុមប្រចាំសាលាផ្ទាល់ គឺស្ថានភាពជំងឺរបស់សិក្ខាកាមទាំងាំងបីនាក់ នៅមិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគាត់បានរាយការណ៍ពីសក្ខីភាព និងស្ថានភាពជំងឺរបស់គាត់ទាំងអស់គ្នាប្រាប់ទៅពេទ្យដើម្បីពិនិត្យរកមេរោគកូវីដ១៩ ទាន់ពេល៕