អ្នកនាំពាក្យ ៖ស្ថានភាព COVID-19 នៅ​កម្ពុជា​នៅមាន​ស្ថានភាព​ផុយស្រួយ​នៅឡើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2020 ក+ ក-

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែង​ឲ្យ​ដឹងថា ស្ថានភាព COVID-19 នៅ​កម្ពុជា​នៅមាន​សភាព​ផុយស្រួយ​នៅឡើយ បើទោះបីជា​រយៈពេល ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ យើង​រក​មិនឃើញ​មាន​ករណី​ឆ្លង COVID-19 ថ្មី។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ន។​

​លោកស្រី​អ្នកនាំពាក្យ​បាន​ព្រមាន​ថា ប្រសិនបើ​យើងទាំងអស់គ្នា​ភ្លេចខ្លួន​នោះ​យើង​នឹងរង​នូវ ការវាយលុក COVID-19 មិន​ខាន​ព្រោះថា នៅ​បណ្តា​ប្រទេស​មួយចំនួន​កំពុងតែ​រង​ការ​វាយ លុក​ជំងឺ COVID-19 នោះ​នៅឡើយ។ ​ទន្ទឹម​នោះ​ក៏មាន​ប្រទេស​ចំនួន​ដែល​ស្ថានភាព COVID-19 ស្ងប់ស្ងាត់​មួយរយៈ​ទៅហើយ តែ​បែរជា​ផ្ទុះ​ឡើងវិញ។​

​ដូច្នេះ​លោកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ហើយ​ត្រូវ​បន្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការការពារ​និង​ការរក្សា​អនាម័យ​សម្រាប់​ម្នាក់ៗ រួមទាំង​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា៕