ឆ្នាំ ២០២០ នេះ កម្ពុជារំពឹងថានឹងមិនខ្វះភ្លើងប្រើដូចឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2020 ក+ ក-

បើតាមលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថាឆ្នាំ ២០២០នេះកម្ពុជារំពឹងថា នឹងមិនមានការខ្វះខាតអគ្គិសនី ប្រើប្រាស់ដូចឆ្នាំ ២០១៩ទៀតនោះទេ ដោយសារតែឆ្នាំនេះ អាងទឹកនៅវារីអគ្គិសនី នានាត្រូវបានត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងការផលិតអគ្គិសនី ហើយឆ្នាំនេះដែរ បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បានព្យាករណ៍ថា រដូវវស្សានឹងឆាប់ចូលមកដល់ជាងឆ្នាំមុន ដូច្នេះ បរិមាណទឹកនៅក្នុងអាងវារីអគ្គិសនី នឹងកាន់តែច្រើនហើយអាចផលិតភ្លើងបានកាន់តែច្រើន សម្រាប់បម្រើអោយតម្រូវការនៅតាមលំនៅឋានសហគ្រាសនានាផងដែរ ។

លោកបន្តថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជាមានប្រភពសំខាន់ៗមួយចំនួន ក្នុងនោះប្រភពបានពីដុតប្រេងមានប្រមាណ១៥ភាគរយ ការផលិតពីវារីអគ្គិសនី ប្រមាណ៣៣ភាគរយ ពីធ្យូងថ្មប្រមាណ៣២ភាគរយ ការនាំចូលពីប្រទេសជិតខាងប្រមាណ២៥ភាគរយ និងថាមពលកកើតឡើងវិញ ដូចជាបានមកពីប្រព័ន្ធសូឡាជាដើម ។ លោកថា៖« កម្ពុជាបានចុះកុងត្រាទិញថាមពលអគ្គិសនីពីប្រទេសជិតខាងប្រមាណពី២០ទៅ៣០ឆ្នាំឯណោះ ហើយប្រទេសណាក៏ដូចជាប្រទេសណាដែរ គឺត្រូវការពឹងពាក់គ្នាទៅវិញទៅមកចំពោះវិស័យអគ្គិសនី ។ រដូវខ្លះ កម្ពុជាខ្វះភ្លើង តែប្រទេសជិតខាងសំបូរ ដូច្នេះ កម្ពុជា ត្រូវនាំចូលពីប្រទេសជិតខាងមកបំពេញ ហើយនៅរដូវខ្លះទៀតគេខ្វះអាចនាំពីកម្ពុជាវិញ» ។

លោក បន្តទៀតថា មានអ្នកសួរថា តម្លៃប្រេងធ្លាក់ចុះហើយ ហេតុអ្វីតម្លៃអគ្គិសនី មិនធ្លាក់ចុះ ។ លោកបានបកស្រាយថា បើសិនយកប្រេងទៅផលិតជាអគ្គិសនីនឹងអស់ថ្លៃកាន់តែ ព្រោះដំណើរការម៉ាស៊ីនត្រូវការដើររហូត តែសម្រាប់ថាមពលដែលបានមកពីវារី អគ្គិសនី នឹងមានតម្លៃទាបជាង ដូច្នេះហើយទើបគេត្រូវការបង្កើតវារីអគ្គិសនីដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ជំនួសអោយការដុតប្រេង ។

បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញពីទិសដៅសម្រាប់អភិវឌ្ឍន៍វិស័យថាមពលក្នុងឆ្នាំ ២០២០ ដោយក្នុងនោះកម្ពុជា នឹងជំរុញ និងតាមដានការសាងសង់គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យដើម្បីដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២០នេះ ក្នុងនោះនៅកំពង់ស្ពឺ មានថាមពល២០មេហ្កាវ៉ាត់ ពោធិ៍សាត់ ៣០មេហ្កាវ៉ាត់ បាវិត ២០មេហ្កាវ៉ាត់ បាត់ដំបង៦០មេហ្កាវ៉ាត់ និងបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ ។

ក្រៅពីនេះរដ្ឋាភិបាលនឹងជំរុញការសាងសង់គម្រោងរោងចក្រប្រេងខ្មៅ ដែលអាចទទួលបានកំលាំងថាមពល៤០០មេហ្កាវ៉ាត់ ដើម្បីដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០ ហើយគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មមួយក៏នឹងដាក់ដំណើរការនៅឆ្នាំ ២០២១ផងដែរ ។ដោយឡែកគម្រោងសាងសង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង កំលាំង៦០មេហ្កាវ៉ាត់ និងពោធិ៍សាត់៦០មេហ្កាវ៉ាត់ដែរនោះ ក៏នឹងដាកដំណើរការនៅឆ្នាំ ២០២១ផងដែរ បើមិនមានការប្រែប្រួល ។

យោងតាមរបាយការណ៍របស់ក្រសួងដដែលនេះ បានបង្ហាញថាក្នុងឆ្នាំ ២០១៩កន្លងទៅ បរិមាណប្រើប្រាស់ថាមពលអគ្គិសនីទូទាំងប្រទេសមានប្រមាណ១២ពាន់លានគីឡូវ៉ាត់ម៉ោង ខណៈ២០១៨ការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងប្រទេសមានប្រមាណជិត១០ពាន់លានគីឡូវ៉ាត់ម៉ោង ។

ក្នុងនោះកម្ពុជានាំចូលពីប្រទេសជិតខាងប្រមាណ៣ពាន់លានគីឡូវ៉ាត់ម៉ោង ដោយពីប្រទេសវៀតណាម ជាង១ពាន់៧០០លានគីឡូវ៉ាត់ម៉ោងពីប្រទេសជាង១ពាន់១៥០លានគីឡូវ៉ាត់ម៉ោងនិងពីប្រទេសឡាប្រមាណ១១០លានគីឡូវ៉ាត់ម៉ោង ៕