សម្ដេច​ ស ខេង សម្រេច​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្ដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​សម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ។

សូមជម្រាបថា លោកម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាលឲ្យទាល់តែបាន ព្រោះហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឲ្យកាត់ដីរដ្ឋជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងកណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល៕