ឆ្នាំ២០២៥ កម្ពុជានឹងផ្គត់ផ្គង់ទឹកស្អាតអោយបានគ្រប់ទីប្រជុំជនទូទាំងប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2020 ក+ ក-

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៣ មេសា ២០២០នេះលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា មានស្ថាប័នផ្គត់ផ្គង់ទឹកស្អាតពីរធំៗ រួមមានរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គភាពរដ្ឋករទឹកខេត្តសៀមរាប ។ ក្រៅពីនេះដែរក៏មានអង្គភាពរដ្ឋករទឹករបស់រដ្ឋ១១ផ្សេងទៀត រួមជាមួយនឹងវិស័យឯកជនប្រមាណ២៦០អង្គភាពផងដែរ ។

លោកបន្តថា ក្រសួងក៏បានដាក់ផែនការរួចហើយផងដែរ ត្រឹមឆ្នាំ ២០២៣ ប្រជាពលរដ្ឋទាំងអស់ប្រមាណ៩០ភាគរយទទួលបានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ ២០២៥ គឺ១០០ភាគរយនៃប្រជាជននៅទីប្រជុំមានទឹកស្អាតប្រើប្រាស់ និងមានគុណភាព ។

លោក បន្ថែមថា បច្ចុប្បន្ននេះបញ្ហាកង្វះទឹកបានចោទជាបញ្ហាធំមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែ សម្ពាធទឹកខ្សោយ ។ ការខ្សោយសម្ពាធទឹកនេះ គឺបណ្ដាលមកពីកំណើននៃអគារខ្ពស់ៗកាន់តែច្រើន ដោយអគារទាំងនោះត្រូវទាញទឹកយកទៅប្រើប្រាស់ក្នុងអគាររបស់ខ្លួនទាំងអគារដែលសាងសង់រួច និងអគារកំពុងសាងសង់ ។ ការទាញយកទឹកទៅប្រើប្រាស់របស់ពួកគាត់គឺធ្វើឡើងតាមរយៈការប្រើម៉ូទ័របូមឡើងដូច្នេះហើយ ទើបធ្វើអោយសម្ពាធទឹកក្នុងទុយោ កាន់តែខ្សោយនិងធ្វើអោយលំនៅឋាននៅតាមជាយរាជធានីភ្នំពេញ មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។

បើតាមលោក សោម សិទ្ធិប្រធាននាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអោយដឹងថា បច្ចុប្បន្នរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញទាំងមូលផលិតទឹកបានតែប្រមាណ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈការប្រើប្រាស់របស់ពលរដ្ឋដែលតពី រដ្ឋករទឹកភ្នំពេញ មានប្រមាណដល់ទៅជាង៧០ម៉ឺនម៉ែត្រគូប ទើបធ្វើអោយទីតាំងមួយចំនួននៅចុងបណ្ដាញមានសម្ពាធខ្សោយ ។

លោកបន្តថាការកាត់នូវតំបន់មួយចំនួនពីខេត្តជាប់រាជធានី ចូលក្នុងដែនរាជធានីភ្នំពេញ ធ្វើអោយតម្រូវការទឹកប្រើប្រាស់កាន់តែច្រើនឡើងថែមទៀត ។ ដើម្បីបង្គ្រប់នូវការប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមផែនការមេ ដោយសាងសង់អាងពិពិធកម្មទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតបានប្រមាណ២០ម៉ឺនម៉ែត្រគូប ។ អាងពិពិធកម្មនេះ នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ ២០២២ ។ជំហានបន្ទាប់រដ្ឋករទឹកក៏នឹងសាងសង់អាងពិពិធកម្មទឹកស្អាតមួយទៀត អាចផ្គត់ផ្គង់ទឹកបាន ២០ម៉ឺនម៉ែត្រគូប ដើម្បីត្រៀមទប់ទល់នឹងកំណើននៃការប្រើប្រាស់ ។ ក្រៅពីនេះ ជប៉ុនក៏បានជួយសាងសង់អាងពិពិធកម្មមួយទៀតនៅក្រុងតាខ្មៅ ដែលអាចផលិតបាន៣ម៉ឺនម៉ែត្រ ដូច្នេះនៅពេលរួចរាល់ហើយ កម្ពុជា នឹងមានទឹកសម្រាប់ផ្គត់ផ្គង់១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតដល់ឆ្នាំ ២០៣០ ៕