ពលរដ្ឋជួបការលំបាកក្នុងជីវភាព៥៣គ្រួសារក្នុងស្រុកកងមាសទទួលអំណោយពីប្រិយសម្ព័ន្ធគ្រីស្ត បរិស័ទកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន៥៣គ្រួសារនៅក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមបានទទួលអំណោយពីប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា  និងប្រជាជាតិអាស៊ី តាមរយៈក្រុមជុំនំគ្រួសារថ្មីក្នុងព្រះគ្រីស្ត ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មកា និងសាសនា ព្រឹទ្ធបូជា ចារ្យសរពលៈសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកបេសកកម្ម និងជាប្រធានសម្របសម្រួល បេសកកម្មកម្ពុជាក្នុងប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជាព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតីបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមអំពីការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួនក្នុង គ្រួសារក៏ដូចជានៅក្នុងសហគមន៍ទាំងមូល ពោលគឺត្រូវជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់នៅទីប្រជុំជន ព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគជាញឹកញាប់  ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ១៩នេះមិនមានការរើសអើង  ឬយោគយល់ចំពោះអ្នកណាម្នាក់នោះទេ គឺមិនថា អ្នកមាន អ្នកក្រ មន្ត្រីតូចធំ អ្នកកាន់ព្រះពុទ្ធសាសនា ឥស្លាម សាសនា ឬអ្នកជឿព្រះយេស៊ូគ្រិស្តនោះទេ ឲ្យតែមានការធ្វេសប្រហែស គឺជាការផ្តល់ឱកាសឲ្យមាន ការឆ្លងជំងឺនោះជាមិនខាន ដូច្នេះយើងត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានប្រគល់ជូនក្នុង១គ្រួសារៗត្រូវទទួលបាន អង្ករ០១បេស្មើនឹង ១៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១ដប ក្រម៉ា០២ និងអាហារបំប៉ន១០កញ្ចប់ផងដែរ  ៕ ដោយ ៖ ប៉ែន សុផល