ធនាគារពិភពលោកព្យាករថា ការផ្ញើប្រាក់ឆ្លងដែននៃពលករចំណាកស្រុកនឹងធ្លាក់ចុះជាប្រវត្តិសាស្ត្
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ភ្នំពេញ ៖ កំឡុងពេលកូវីដ១៩ កំពុងរាលដាលទូទាំងពិភពលោក ផលប៉ះពាល់ក៏បានចាប់ផ្ដើមកើតឡើងបន្តបន្ទាប់ ទៅលើសេដ្ឋកិច្ច ក្នុងនោះ ចរន្តនៃការផ្ទេរប្រាក់របស់ពលករចំណាកស្រុក ក៏ត្រូវបានព្យាករណ៍នឹងមានការធ្លាក់ចុះមិនធ្លាប់មានដែរ គឺបណ្ដាលមកពីការបាត់ការងារធ្វើ បាត់ចំណូលជាដើម ។

យោងតាមការសិក្សារបស់ធនាគារពិភពលោក បានព្យាករណ៍ថា ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវបានរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ចំនួនប្រមាណជាង២០ភាគរយ នៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែវិបត្តិបណ្ដាលមកពីការរាលដាលនៃជំងឺកូវីដ ១៩ និងការបិទសកម្មភាព សេដ្ឋកិច្ចសឹងតែគ្រប់ផ្នែកទាំងអស់ ។ សម្រាប់មូលហេតុដែលនាំឱ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធជាក្រុមមនុស្សងាយបាត់បង់ការងារនិងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្ដាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

លំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម ត្រូវបានព្យាករណ៍ទុកថានឹងស្រុតចុះប្រហែល ១៩,៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ពាន់លានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ ។

ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបានជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាបនិងមធ្យម, ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង, រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានាទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុកាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅ ជាមុនសិន ។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា ការផ្ញើប្រាក់មកពីក្រៅជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះ បង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀតដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចនៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ ។ ប្រាក់ផ្ញើពីក្រៅ ជួយដល់ក្រុមគ្រួសារក្នុងការចាយវាយលើស្បៀងអាហារ, លើការថែទាំសុខភាព, និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។

ក្នុងខណៈដែលក្រុមធនាគារពិភពលោកអនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយដើម្បីជួយដល់ប្រទេសដែលជួបការលំបាក យើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ចេញឱ្យនៅដំណើរការដដែល និងជួយសហគមន៍ក្រីក្រឱ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។»

ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេសដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញតាមរយៈបណ្តាញនានា, ទៅលើថ្លៃចំណាយនិងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុក, និងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ។
ក្រុមធនាគារពិភពលោកកំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេស G20 និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។ ក្នុងឆ្នាំ ២០១៩ ប្រាក់ដែលផ្ញើពីក្រៅ នៅទូទាំងពិភពលោកមានរហូតដល់៥៥៤ពាន់លានដុល្លារអាមេរិក ហើយភាគច្រើនផ្ញើទៅប្រទេសមានចំណូលទាបនិងមធ្យម ។

សម្រាប់ឆ្នាំ២០២១ ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម នឹងងើបមុខឡើងវិញ ដោយវានឹងកើនប្រហែល ៥,៦ភាគរយ គឺមានចំនួនប្រហែល ៤៧០ប៊ីលានដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជា ការផ្ញើប្រាក់ពីបរទេសភាគច្រើនមកពីប្រទេសកូរ៉េ និងប្រទេសថៃ ដោយប្រាក់ផ្ញើពីក្រៅប្រទេសទាំងនេះ ក៏បានជួយលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាបានមួយកម្រិតផងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏បានចាត់បញ្ជូលពលរកខ្លួនទៅបម្រើការងារនៅប្រទេសសំខាន់បី ផងដេរគឺកូរ៉េ ម៉ាឡេស៊ី និងប្រទេសថៃ ៕