ចិនបញ្ជូនបរិក្ខារពេទ្យសំរាប់ទប់ស្កាត់មេរោគ Covid 19 ចំនួន១៦តោនបន្ថែមទៀតមកដល់កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួង ការពារជាតិកម្ពុជា ទទួលបានសម្ភារ បរិក្ខាពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែល ជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគី ចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បញ្ជាក់អោយដឹងថា៖ រហូតមកដលពេលនេះ ភាគីចិនតាមរយៈក្រសួការពារជាតិ នៃប្រទេសចិនមកដល់ភាគី កម្ពុជាចំនួន៣លើក ចាប់តាំងពីខែមីនាកន្លងមកនេះ មានទាំងអ្នកជំនាញព្យាបាលជំងឺកូវីដ ១៩ ចំនួន ៤រូបផងដែរ។

លោកបន្តថា៖ ជំនួយទាំងនេះ មានសំខាន់ខ្លាំងណាស់ក្នុង ការ ប្រយុទ្ធប្រឆាំជំងឺកូវីដ ១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ហើយការផ្តល់ជំនួយ របស់ភាគីចិនមកដល់កម្ពុជា បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលមាន ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។ នាយឧត្តមសេនីយ៏ ណឹម សុវត្ថិបន្ថែមទៀតថា ម្យ៉ាងវាបាន ឆ្លុះបញ្ចាំងនូវទឹកចិត្ត នៃកងទ័ពរបស់ប្រទេសចិន មកលើកងទ័ពកម្ពុជាក្នុងការ ប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំណែកតំណាងកងទ័ពនៃប្រទេសចិន បានឱ្យដឹងដែរថា៖ ការផ្តល់ជំនួយជាសម្ភារៈ វេជ្ជ សាស្ត្រដល់កងទ័ពកម្ពុជានាពេលនេះ គឺដោយសារតែកម្ពុជា-ចិនមានទំនាក់ទំនងយ៉ាង ស៊ីជម្រៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបន្តថា ប្រទេសទាំងពីរមានការ ជួយ គ្នាទៅវិញមក ក្នុងគ្រាដែលលំបាក មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជា និងចិនជាបងប្អូន និងមិត្ដដែកថែប ដែលមិនខ្វះគ្នា។ លោកបន្ថែមទៀតថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីដ ១៩ មក ប្រទេសទាំងពីរតែងតែមានទំនាក់ទំនង គ្នាយ៉ាងល្អប្រសើរ និងជួយគ្នា ទៅវិញមក ក្រោមការដឹកនាំនៃប្រទេសទាំងពីរ។ រដ្ឋាភិបាលចិនចាប់តាំងពីមានកាផ្ទុះឡើងនូវ ជំងឺ កូវីដ ១៩ មិនត្រឹមតែផ្តល់ជំនួសជា សម្ភារៈ វេជ្ជសាស្ត្រជូនដល់ក្រសួងការពារជាតិកម្ពុជានោះទេ ថែមទាំងបានផ្តល់ជំនួស ជាសម្ភារៈជាច្រើនតោនដល់ក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋនានា ដើម្បីចូលរួមទប់ ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕