ស្នងការ​ខេត្ដកណ្ដាលឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន្ទាត់ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2020 ក+ ក-

ខេត្តកណ្តាល ៖ ស្នងការខេត្ដកណ្ដាលបានឱ្យភាគីវៀតណាមដែលឈរក្នុងតំបន់ស រុះរើតង់ និងដកថយក្រោយឱ្យបានឆ្ងាយពីបន្ទាត់ព្រំដែននេះ ក្រោយពីសង្កេតឃើញថា មានតង់ដែលទាហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ១៩។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ​កណ្ដាល បានដឹកនាំលោកស្នងការរង, មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥, លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប បានចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឱ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យនៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ។

នៅពេលដំណើរពិនិត្យនោះ លោកស្នងការបានឱ្យភាគីខាងវៀតណាម រុះរើតង់ចេញឱ្យឆ្ងាយពីបន្ទាត់ស ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាម បានសាងសង់តង់ចំនួន ៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ទាំងនេះ។

បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឱ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ៕