រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតអាមេរិកដាំដើមឈើអមតាមចិញ្ចើមផ្លូវជាតិលេខ៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានីដាំដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើមត្រូវបានអាជ្ញាធររាជធានីដាក់ដាំពង្រាយអមតាមចិញ្ចើមផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួនរហូតដល់វត្តវារិន្ទសង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វា ក្នុងគោលបំណងដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនិងការលើកកម្ពស់កិច្ចគាំពារបរិស្ថានបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញផងដែរ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ដឹងថា ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្រប ពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើននៃទីក្រុង វ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan ។ លោកបានបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណស្រស់បំព្រង សម្បូរពណ៌បៃតបនិងការចូលរួមកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

លោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍អោយដឹងថាការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោកបានបញ្ជាក់ឲ្យដឹងថា ការដាំដើមឈើនាពេល នេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕