ផ្ទុះគ្រាប់បេមួយគ្រាប់នៅបន្ទាយមានជ័យសម្លាប់ស្ត្រីម្នាក់និងរបួសបីនាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2020 ក+ ក-

ដោយ ៖​ នូ វី

បន្ទាយមានជ័យ ៖ គ្រាប់បេមួយគ្រាប់ដែលបន្សល់ទុកក្រោយសម័យសង្គ្រាមបានផ្ទុះបន្ទាប់ពីក្មេងប្រុសម្នាក់បានរើសវាមកគប់លេង បណ្តាលអោយស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១.០០នាទីព្រឹកថ្ងៃទី២៧មេសាឆ្នាំ២០២០ នៅចំនុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២០០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។      

លោក សេស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានអោយដឹងថា នៅវេលាកើតហេតុនោះគឺមានមនុស្សបួននាក់បានរងគ្រោះ ក្នុងនោះមាន=
១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តីឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែង។
២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប(រងរបួសស្រាល)។
៣.ឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប(រងរបួសធ្ងន់)។
៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែខេត្តសៀមរាប(រងរបួសស្រាល)។
លោកអធិការបានបន្តអោយដឹងទៀតថា ជនរងគ្រោះទាំង០៤នាក់ខាងលើ បានមកស្នាក់នៅធ្វើជាកម្មករដកតំឡូងនៅលានចិនក្នុងភូមិចក់ពួក ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។នៅថ្ងៃកើតហេតុពួកគេបានបបួលគ្នាទៅបេះផ្លែព្រីង។លុះទៅដល់ចំនុចដើមព្រីងក្មេងប្រុសឈ្មោះ សុខ បញ្ញា បានប្រទះឃើញគ្រាប់បេមួយគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម មានសភាពចាស់ស្ថិតនៅលើដំបូកក្បែរនោះ ហើយក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រីឯសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕