ត្រីមាសទី១ ឆ្នាំ២០២០នេះ ជនបរទេស​ចំនួន ៣៣៩នាក់ ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន១១៥លើក មាន៣៣៩នាក់ ស្រី២៧នាក់ មាន៣៤សញ្ជាតិ ពាក់ព័ន្ធចំនួន២៥បទល្មើស។

តួលេខនេះ ត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ថ្ងៃទី២៨ ខែមេសានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមរបាយការណ៍ ក៏បានឱ្យដឹងផងដែរថា នាយកដ្ឋានស៊ើបអង្កេត មានកន្លែងត្រៀមបណ្តេញចេញ ចំនួន៣កន្លែង រួមមាន ៖ ទី១-មណ្ឌលភ្នំពេញ ,ទី២- មណ្ឌលសៀមរាប និងទី៣-មណ្ឌលព្រះសីហនុ។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បានណែនាំឱ្យការិយាល័យ​នីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ​ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍​។​ នាយឧត្តមសេនីយ៍​ ក៏បានឱ្យប្រធាននាយកដ្ឋាន​ មានការប្រជុំមួយ​សប្តាហ៍ម្តង​ ជាមួយអនុប្រធាន​ នាយ-នាយរង​ការិយាល័យ​មួយផងដែរ។ ក្រៅពីនេះ លោកអគ្គនាយក​ ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ឱ្យប្រុងប្រយ័ត្ន ហើយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ផងដែរ​។

គួររម្លឹកថា នៅថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឱ្យដឹងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS)៕