ខាត់ សុ​ឃីម ​និង​ស្វាមី ដឹកនាំ​ការតវ៉ា​នៅ​ខាងមុខតុលាការ​ខេត្តសៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2020 ក+ ក-

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការ​ខេត្តសៀមរាប បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​ដែល​បង្កឡើង​ដោយ​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​បោក​លុយ​ប្រជាពលរដ្ឋ​រាប់លាន​ដុល្លារ។ ប៉ុន្តែ​នៅ​ខាងក្រៅ​តុលាការ​ឯណោះ​គេ​ឃើញ​បាតុករ​មួយក្រុម​ដឹកនាំ​ដោយ លោកស្រី ខាត់ សុ​ឃីម និង​ស្វាមីបាននាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​សមត្ថកិច្ច​អះអាងថា បានធ្វើការ​ឆបោក​ប្រាក់​អតិថិជន​ជាច្រើន​សិប​នាក់ រហូត​ជាង​១៤​លាន​ដុល្លា​អាមេរិក​ទៅវិញ ហើយ​នេះ​ក៏​ជា​បាតុកម្ម​តវ៉ា​លើក​ទី​២​ដែរ ដែល​ដឹកនាំ​ដោយ​លោកស្រី ខាត់ សុ​ឃីម រួមទាំង​ស្វាមី​ផងដែរ។​

​បាតុកម្ម​តវ៉ា​នៅ​ព្រឹក​នេះ បណ្តាល​ឲ្យឲ្យមាន​ការស្ទះ​ផ្លូវ​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប អស់​ជាច្រើន​ម៉ោង​ផងដែរ បន្ទាប់មក​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​ក៏បាន​ចេញមក​ពន្យល់​ពី​បញ្ហា​ផ្លូវច្បាប់​នៅ​ចំពោះមុខ​បាតុកម្ម អំពី​ការឃុំខ្លួន​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ​។​

​សូមជម្រាបថា នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​ត្រូវ​ចាប់ខ្លួន ​និង​ធ្វើឲ្យមាន​ការតវ៉ា​ទាមទារឲ្យ​ដោះលែង​នោះ មានឈ្មោះ ឌី​ន សួន​ណាត ភេទ​ប្រុស ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​។​ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​៕