( Video) សមត្ថកិច្ចចុះដកហូតឧបករណ៍នេសាទខុសច្បាប់ ដើម្បីអភិរក្សពូជត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 April, 2020 ក+ ក-

​ដោយ ៖ នូ វី

បន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជា នៅតែមិនទាន់មានចំណេះដឹងទូលំទូលាយពីការនេសាទនៅឡើយ ទើបធ្វើអោយពួកគេបន្តប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាអួនស្បៃមុង ដែលសុទ្ធតែបំផ្លាញដល់ពពួកត្រីតូចៗ និងអាចធ្វើអោយហិនហោចពូជត្រីផងដែរ ។ ឃើញនូវសកម្មភាពបែបនេះ សមត្ថកិច្ចកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែង ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបនិងដកហូតបាននូវឧបករណ៍ខុសច្បាប់មួយចំនួន ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទកាលពីថ្ងៃទី២៩ មេសា ២០២០ លោក ឃឿន វីរៈ នាយសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អួនក្រឡាញឹក និងស្បៃមុង ដែលប្រជាពលរដ្ឋមួយចំនួនបាននេសាទនៅក្នុងទឹកអាងអូរខៃដននេះ ជាបទល្មើសនេសាទខុសច្បាប់ ដែលបំផ្លាញកូនត្រី ។ បើមិនមានការទប់ស្កាត់ទេនោះ ពូជត្រីប្រឈមនិងការបាត់បង់ ហើយការនេសាទនៅឆ្នាំក្រោយៗវានឹងធ្លាក់ចុះជាបន្តបន្ទាប់ ។
លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងចម្រុះ ដកហូតបានអួនស្បៃមុង និងលូស្បៃមុងចំនួន២៥មាត់ អួនស្បៃមុងក្រឡាញឹកប្រវែង៩០០ម៉ែត្រ និងលូស្បៃមុងប្រវែង៣០០ម៉ែត្រ សរុបមានប្រវែង១២០០ម៉ែត្រ ត្រូវបានអូសដាក់លើគោកដុតកម្ទេចចោល ។

លោក ឃឿន វីរៈ បានសំណូមពរឲ្យប្រជាពលរដ្ឋអោយចូលរួមថែរក្សាការពារនូវពូជត្រី តាមរយៈការនេសាទ ជាលក្ខណៈគ្រួសារ មានដូចជា ការបង់សំណាញ់ រាយមង បបក់ ស្ទូច និងមធ្យោបាយរកត្រីមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតិ និងមិនធ្វើឲ្យបាត់បង់ពូជត្រី ។

រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន ធ្លាប់បានលើកឡើងថា ការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ និងនេសាទនៅរដូវត្រីបន្តពូជ (ត្រីពង ) គឺជាសកម្មភាពខុសច្បាប់ ដែលអាចបំផ្លាញដល់ធនធានត្រី និងធ្វើអោយធនធានត្រី របស់កម្ពុជាកាន់តែខ្សត់ខ្សោយទៅៗ ដូច្នេះ ប្រជានេសាទត្រូវយល់ដឹងពីចំណុចនេះ ហើយសូមកុំវាយបំបែកឆ្នាំងបាយខ្លួនឯង ៕