លោក កឹម សុខា ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ឧបាសិកា ប៊ុន ស៊ា​ង​លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2020 ក+ ក-

​ភ្នំពេញ ៖ លោក កឹម សុខា និង​ភរិយា​របស់លោក​បាន​ផ្ញើ​សារ​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ បាន​សម្តែង​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយបង្កើត​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទ ក្រហម​កម្ពុជា។

​សូមជម្រាបថា សារ​រំលែក​ទុក្ខ​ខាងលើ​របស់លោក កឹម សុខា ត្រូវបាន​បង្ហោះ​លើ ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​៩​កន្លះ នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ។​

​លោក កឹម សុខា បាន​សរសេរ​ទៅកាន់​សម្តេច ហ៊ុន សែន ថា​៖«​មរណភាព​របស់​មហា ឧបាសិកា ប៊ុន ស៊ា​ង​លី គឺជា​ការបាត់បង់​មាតា ជីដូន ដែលជា​អ្នកមានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​»​។​លោក​បន្ត ថា​៖«​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក នូវ​មរណទុក្ខ​ដោយ​សេចក្តីសោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុមគ្រួសារ ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​»​។​

​លោក កឹម សុខា ក៏បាន​បញ្ចប់​នូវ​ឃ្លា​ចុងក្រោយ​ថា លោក បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ របស់​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ៕