រដ្ឋាភិបាលចែកគ្រាប់ពូជបន្លែឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) បានរៀបចំបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាព។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖គោលការណ៍ក្នុងការបែងចែកគ្រាប់ពូជបន្លែ គឺដើម្បីផ្តល់គ្រាប់ពូជបន្លែដល់គ្រួសារកសិករដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាពជាលក្ខណៈគ្រួសារ ជាពិសេសផ្តល់អាទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះនិងគ្រួសារកម្មករ និយោជិកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ដែលត្រូវបានផ្អាក ឫព្យួរការងារដោយសារផលប៉ះពាល់ជមងឺកូវីដ១៩

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍លើកឡើងថា៖តាមរយៈរាជរដ្ឋាភិបាល ប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការជាមួយស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះនៃអគ្គនាយកដ្ឋានកសិកម្មបានផលិតគ្រាប់ពូជបន្លែសុទ្ធល្អចំនួន២៥តោនជារៀងរាលឆ្នាំសម្រាប់កិច្ចអន្តរាគមន៍ផ្សេងៗ។

ពាក់ព័ន្ធទៅនឹងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គឺដើម្បីជំរុញការដាំដុះបន្លែសុវត្តិភាព។

គួរបញ្ជាក់ថ សម្រាប់កាចែកគ្រាប់ពូជបន្លែរួមមាន៖ពោតដំណើប,ល្ពៅ,ស្ពៃចង្កឹះ,ស្ពៃខៀវ, ត្រកួន, សណ្តែកគួរ,ត្រប់វែង,ត្រប់ក្រាំងរមាស,និងប៉េងបោះ សម្រាប់ចែកជូនបងប្អូនប្រជាកសិករយើងនៅតាមបណ្តាស្រុក ឃុំ ដើម្បីយកទៅធ្វើការដាំដុះក្នុងការចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ ក្នុងរយៈពេលការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងនោះមួយគ្រួសារទទួលបាន៤មុខដំណាំស្មើនឹង៦កញ្ចប់ និងកសិករដែលចង់បានគ្រាប់ពូជត្រូវមានវត្តមានផ្ទាល់នៅនឹងកន្លែងបែងចែក សម្រាប់ការចែកជូននាពេលខាងមុខឆាប់ៗនេះ៕