អាជ្ញាធរខេត្តកំពង់ចាមចុះពង្រឹងសន្តិសុខព្រំប្រទល់ខេត្តកណ្តាល ក្នុងពិធីដង្ហែសពអ្នកឧកញ៉ា ប៊ុន ស៊ាងលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរ ដោយ ថ្នាក់ដឹកនាំ អជ្ញាធរ មាន សមត្ថកិច្ច នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាន អញ្ជើញ ចុះត្រួតពិនិត្យ កង កម្លាំងអន្តរាគមន៍ កម្លាំងប្រជាការពារ ដែលប្រចាំការ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ និង លេខ ៧ ចាប់ពី ចំណុច ព្រំប្រទល់ខេត្តកណ្តាល រហូត មកដល់ស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ ដេីម្បីពង្រឹង លេី កិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីដង្ហែបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល ត្រូវធ្វើការដង្ហែ ចេញ ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីប្រារព្ធពិធីបុណ្យទៅតាម គន្លង ប្រពៃណីសាសនា នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត នៅ ក្នុង ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរអញ្ជេីញចុះត្រួតពិនិត្យនោះដែរ លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការណែនាំដល់មន្ត្រីកងកម្លាំងឈរជើងគ្រប់គោលដៅដែលមាននៅក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាមធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់រួមសហការគ្នាក្នុងការអនុវត្តតួនាទីរបស់ខ្លួនដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនដល់ប្រមុខថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននានា រួមទាំងភ្ញៀវជាតិ អន្តរជាតិក្នុងពិធីដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ ហើយត្រូវ ប្រារព្ធពិធីបុណ្យទៅតាម គន្លង ប្រពៃណីសាសនា នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត នៅ ក្នុង ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នា នោះលោកអភិបាលខេត្ត និង លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភជាថវិកាដល់កងកម្លាំងដែលឈរជេីងនៅតាមគោលដៅទាំងនោះផងដែរ៕ ដោយ ៖ ប៉ែន សុផល