បុណ្យពិសាខបូជា មានទណ្ឌិត៨៤នាក់ ទទួលបានការអនុគ្រោះទោស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានប្រកាសថា ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២០នេះ មានការស្នើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប២៧៣នាក់ (ស្រី២៤នាក់)។ ក្រោយពីកិច្ចប្រជុំ គណៈកម្មការជាតិ ពិនិត្យបញ្ជី​ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ​បានសម្រេចធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត​សរុប៨៤នាក់ (ស្រី០៨នាក់)។

ក្នុងចំណោមទណ្ឌិតសរុប៨៤ នាក់ មាននារី ០៨ នាក់ ដែលក្នុងនោះមានការសម្រេចស្នើសុំ បន្ថយទោស៦ខែ ចំនួន៣៤នាក់ (ស្រី០៣នាក់), បន្ថយទោស៩ខែ ចំនួន២១នាក់ (ស្រី០១នាក់), បន្ថយទោស១២ខែ ចំនួន១៩នាក់ (ស្រី០២នាក់) និងលើកលែងទោសចំនួន១០នាក់ (ស្រី០២នាក់)។

ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់បុណ្យពិសាខបូជា ឆ្នាំ២០២០នេះ មានចំនួនកើនឡើងជាងមុនតិចតួច ខណៈកាលពីឆ្នាំ២០១៩ សម្រាប់បុណ្យពិខាងបូជានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចស្នើសុំ បន្ថូយបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត៧៧រូប ក្នុងនោះមានស្រ្តី៩រូបផងដែរ។

ក្នុងមួយៗឆ្នាំ កម្ពុជាមានកម្មវិធីលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក ក្នុងនោះរួមមាននៅបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕