ក្រសួងបរិស្ថានគ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2020 ក+ ក-

ខេត្តកំពង់ធំ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។

សូមជម្រាបថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា៕