អ្នកជំងឺកូវីដ១៩ ដែលមិន​ជាសះស្បើយ​សោះ ត្រូវបានបញ្ជូន​មកព្យាបាល​នៅ​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ឱ្យដឹងថា អ្នក​ជំងឺកូវីដ១៩ ចំនួន២នាក់​នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដែល​មិនជាសះស្បើយ សោះនោះ នៅថ្ងៃនេះ​ក្រសួង​សម្រេច​ឱ្យ​បញ្ជូនមកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ទាំង២នាក់ហើយ។

លោកស្រី​បាន​បញ្ជាក់​តាមបណ្តាញ Telegram យ៉ាង​ដូច្នេះ​ថា ៖ «មិនធ្ងន់ទេ​ តាម​សភាព​ទូទៅ​របស់អ្នកជំងឺ​ តែវីរុស​នៅមានក្នុង​ខ្លួន​គាត់នៅឡើយ។ ថ្ងៃនេះ​ ក្រសួង​បាន​សម្រេច​ឲ្យបញ្ជូន​មក​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ទាំងពីរ​នាក់ហើយ។ វីរុស​នេះ​ យើង​ពិបាក​នឹង​ដឹងណាស់​ ដោយសារអ្នកទាំងពីរ​ ម្នាក់ជា​បុរសវ័យ៧៥ឆ្នាំ​ មានបញ្ហា​សុខភាព​ប្រចាំកាយ​ និង​ម្នាក់ទៀត​ជាស្ត្រីវ័យ៣៦ឆ្នាំ​ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​ តម្រូវឲ្យ​មានការ​ពិនិត្យ​ព្យាបាល​នៅមន្ទីរពេទ្យថ្នាក់ជាតិ​បន្តទៀត។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បើយ​ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហើយ​ សូមបងប្អូនប្រជាពលរដ្ឋ​ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩​ នេះជាចាំបាច់​ ត្រូវចងចាំថា ៖​ “យើងអាចភ្លេចវីរុសកូវីដ-១៩​ តែវីរុសកូវីដ-១៩​ មិនដែលភ្លេចយើងនោញទេ»៕