គ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៥០ភាគរយ​ ក្រោយរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍១សប្តាហ៍នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2020 ក+ ក-

ភ្នំពេញ ៖ ១សប្តាហ៍នៃការរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ស្ថានភាពចរាចរណ៍ មានភាពល្អប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣,៩៦៨ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% គ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។

ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ៥១,៣០% ប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។

ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕