ត្រឹមតែ១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ១០,០០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2020 ក+ ក-

រីយ៉ូ ៖ ប្រទេសប្រេស៊ីលបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរហូតដល់ទៅ ១០,២២២នាក់ និងអ្នកស្លាប់ ៧៥១នាក់ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃ ច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមសារព័ត៌មាន CNA។

ការរកឃើញអ្នកស្លាប់ ៧៥១នាក់ក្នុងពេលតែមួយថ្ងៃនេះ គឺជាការបំបែកនូវកំណត់ត្រាចាស់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានមនុស្សស្លាប់ ៦១៥នាក់ក្នុងមួយថ្ងៃដូចគ្នា។ បច្ចុប្បន្នប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺ COVID-19 សរុប១៤៦,៨៩៤ករណី ក្នុងនោះស្លាប់១០,០១៧នាក់ និងជាសះស្បើយឡើងវិញ៥៩,២៩៧នាក់។

បើតាមសារព័ត៌មានខាងលើបានបញ្ជាក់ថា តំបន់ដែលទទួលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋសៅប៉ូឡូ (Sao Paulo) ដែលមានប្រជាជានរស់នៅជិត ៤៦លាននាក់ (ប្រហាក់ប្រហែលអេស្ប៉ាញ) ដោយរ៉ាប់រងអ្នកឆ្លង COVID-19 ជាង ៤១,០០០ករណី ក្នុងនោះស្លាប់ ៣,៤១៦នាក់។ ប្រេស៊ីលនៅតែបន្តបិទសាលារៀន និងពាណិជ្ជកម្មមិនសូវសំខាន់ ក៏ដូចជារក្សាបទបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព រហូតដល់ដំណាច់ខែឧសភានេះ៕