បុរសគូឡុំប៊ីមួយរូបដែលរស់នៅនិងជួយយុវជនកម្ពុជាជាង២០ឆ្នាំ ទទូចចង់បានសញ្ជាតិខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2020 ក+ ក-

ភ្នំពេញ ៖ បុរសជនជាតិគូឡុំប៊ី ម្នាក់ បានមកដល់ប្រទេសកម្ពុជា ជាង២០ឆ្នាំមកហើយ ដើម្បីជួយដល់យុវជនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលដល់យុវជនក្រីក្រ និងមិនមានលទ្ធភាពសិក្សានៅថ្នាក់មហាវិទ្យាល័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងបានធ្វើអោយយុវជនរាប់ម៉ឺននាក់ហើយទទួលបានពន្លឺជីវិតថ្មី ។

បុរសរូបនេះ បានចូលមកកម្ពុជា ក្នុងនាមជាបព្វជិតក្នុងសាសនាកាតូលិក ( គ្រីស្ទេន ) និងជាគណៈគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូក្នុងប្រទេសកម្ពុជាផងដែរ លោកមានឈ្មោះថា Abeiro Rodas និងមានឈ្មោះជាខ្មែរថា លី សំណាង ក៏ប៉ុន្តែលោកមិនទាន់មានសញ្ជាតិខ្មែរនៅឡើយ ហើយលោកក៏ស្រលាញ់ពេញចិត្តទឹកដីកម្ពុជា ប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា និងចង់បានសញ្ជាតិកម្ពុជាខ្លាំងណាស់ក្នុងជីវិតរបស់លោក ។
បច្ចុប្បន្នលោក លី សំណាង ឬយុវជនក្នុងសាលាបច្ចេកទេសហៅថា លោកឪពុកសំណាង ជាអធិការគ្រប់គ្រងសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ផងដែរ ។ លោកបានចូលមកប្រទេសកម្ពុជា តាំងពីចុងឆ្នាំ១៩៩៩ និងបានជួយអប់រំបណ្ដុះបណ្ដាលយុវជនកម្ពុជា រាប់ម៉ឺននាក់គិតមកដល់បច្ចុប្បន្ននេះ តាមរយៈការអប់រំ សីលធម៌ និងជំនាញបច្ចេកទេស ។

លោក សំណាង ពិតជាចង់បានសញ្ជាតិខ្មែរ ដើម្បីមានសិទ្ធិពេញលេញដូចពលរដ្ឋខ្មែរ ព្រោះតែលោកស្រលាញ់និងពេញចិត្តប្រជាជនកម្ពុជា និងទឹកដីកម្ពុជា ។

ក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលទស្សនាសកម្មភាពនៅក្នុងសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប និងបានជួបជាមួយលោក លី សំណាង ដែរ ។ អ្វីដែលជាការកត់សម្គាល់សម្ដេច បានសួរទៅលោក លី សំណាងថា ប្រពន្ធកូននៅឯណា ។លោក សំណាង បានឆ្លើយតបវិញថា សិស្សក្នុងសាលានេះសុទ្ធតែជាកូនគាត់ តែគាត់មិនមានប្រពន្ធទេ មានន័យថា លោកមិនអាចរៀបការយកប្រពន្ធបានទេ ក៏ប៉ុន្តែតាមទំលាប់អ្នកកាន់សាសនាកាតូលិកគេហៅលោកថា លោកឪពុក គឺមានអ្នកន័យថា អ្នកបួសក្នុងសាសនាកាតូលិក។

លោក សំណាង ឬលោក Albeiro Rodas ធ្លាប់បានបង្ហើបអោយដឹងថា ក្នុងមួយជីវិតរបស់លោក បើសិនជាលោកទទួលបានសញ្ជាតិខ្មែរ លោកពិតជាសប្បាយចិត្ត និងកាន់តែមានទឹកចិត្តក្នុងការបណ្ដុះបណ្ដាល និងជួយយុវជនក្រីក្រក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែទោះបីជាពេលនេះ លោកមិនមានសញ្ជាតិខ្មែរក្ដី តែលោកនៅតែខិតខំអប់រំយុវជនកម្ពុជាអោយមានជំនាញសម្រាប់ចិញ្ចឹមជីវិត គ្រួសារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាដដែល ។

គួរបញ្ជាក់លោក លី សំណាង ក៏ធ្លាប់បានសរសេរលិខិត និងស្វែងរកការអន្តរាគមន៍ទៅកាន់សម្ដេចតេជោ ដើម្បីទទួលសញ្ជាតិខ្មែរនេះដែរ ដោយក្នុងលិខិតនោះ បានបញ្ជាក់ថា ក្នុងនាមលោកជាអ្នកបួសក្នុងគ្រឹស្តសាសនា លោកមិនមានទ្រព្យសម្បត្តិ ឬលុយកាក់ផ្ទាល់ខ្លួនទេ ប៉ុន្តែលោកបានផ្ដល់អ្វីៗជាច្រើនដល់កុមារ និងយុវជនជាច្រើនតាំងពីលោកបានមកដល់ប្រទេសកម្ពុជា ។ ក្នុងខែតុលា ឆ្នាំ២០២០ នេះ លោកមានអាយុ៥០ឆ្នាំគត់ ហើយលោកមានអារម្មណ៍ថា កាន់តែស្រលាញ់កម្ពុជា សប្បាយរីករាយនឹងរស់នៅក្នុងប្រទេសកម្ពុជា ។ លោកបានស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី មេត្តាប្រណី សណ្ដោសដល់លោក ដើម្បីអោយលោកបានចូលរួមជាមួយប្រជាជនខ្មែរ ដើម្បីប្រទេសកម្ពុជា ជាទីស្រលាញ់មួយនេះ ដែលជាការរូមចំណែកដល់សង្គមកម្ពុជាដ៏ល្អ៕