វៀតណាម​បើក​សាលារៀន​ឡើងវិញ បន្ទាប់ពី​បន្ធូរបន្ថយ​ការទប់ស្កាត់​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2020 ក+ ក-

​វៀតណាម ៖ អាជ្ញាធរ​នៅ​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា​ក្នុងប្រទេស​វៀតណាម​បានធ្វើការ​ពិនិត្យ​កម្ដៅ​របស់​កុមារ​នៅ​ក្លោងទ្វារ​នៅពេលដែល​ពួកគេ​បាន​បើក​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការបិទ​រយៈពេល​មួយខែ​លើ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈដែល​នៅ​ផ្នែក​ខ្លះ​នៃ​សាលារៀន​ដទៃទៀត​ក៏បាន​បើក​ឡើងវិញ​កាលពី​សប្ដាហ៍​មុន​ផងដែរ ។​

​ជាមួយនឹង​ការឆ្លង​ត្រឹមតែ ២៨៨ ករណី និង​មិនមាន​អ្នកស្លាប់​នោះ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន​បានឃើញ​មានការ​ឆ្លង​ជា​សហគមន៍​រយៈពេល​ជិត​មួយខែ​មកហើយ ហើយ​បានដាក់​វា​នៅលើ​ផ្លូវ​ដើម្បី​បន្តសកម្មភាព​ឆាប់​ជាង​កន្លែង​ផ្សេងទៀត​នៅក្នុង​តំបន់ ។​

​សិស្សសាលា​ថ្នាក់​ទី ៥ ម្នាក់​ឈ្មោះ Vu Tuan Phong បាន​និយាយ​នៅ​ខាងក្រៅ​សាលាបឋមសិក្សា​របស់គាត់​នៅ​ទីក្រុង​ហាណូយ​ថា “​គ្រូបង្រៀន​បាន​ប្រាប់​យើង​ឲ្យ​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​ដៃ ហើយ​មិនត្រូវ​ប៉ះគ្នា​នៅ​សាលា​នោះទេ​” ។​ទន្ទឹម​នោះ​គាត់ និង​មិត្ត​រួម​សាលា​បាន​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ពាក់កណ្តាល​ថ្ងៃ​ដោយសារ​សាលារៀន​ភាគច្រើន​មាន​រយៈពេល​បង្រៀន​ខ្លី​ជាង​មុន ខណៈពេល​មាន​ជំងឺ​រាតត្បាត​នេះ ។​

​ចំណែក​ម្តាយ​ម្នាក់​ឈ្មោះ Ngoc Anh អាយុ ២៩ ឆ្នាំ​បាន​និយាយថា “​ទាំង​ឪពុកម្តាយ​ផ្សេងៗ និង​ខ្ញុំ​ផ្ទាល់​ជឿជាក់ថា រដ្ឋាភិបាល​ក៏ដូចជា​សាលារៀន​នឹង​ចាត់វិធានការ​ល្អ​បំផុត​ដើម្បី​ឲ្យ​ក្មេងៗ​មាន​សុវត្ថិភាព​នៅក្នុង​សាលារៀន ហើយ​ឪពុកម្តាយ​មាន​សេចក្តីសុខ​ក្នុងការ​ទៅធ្វើ​ការ​ផងដែរ​” ។​បន្ថែម​ពីនេះ​ការបើក​សាលារៀន​ឡើងវិញ​ជា​ជំហាន​ចុងក្រោយបង្អស់​របស់​ប្រទេស​វៀតណាម​ក្នុងការ​បញ្ឈប់​ការទប់ស្កាត់​វីរុស​ទោះបី​ការហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ ក្លឹប​រាំ និង​ខារ៉ាអូខេ​នៅតែ​ត្រូវបាន​ហាមឃាត់​ក៏ដោយ ។​

​រីឯ​សាលារៀន​សម្រាប់​កុមារ​ធំៗ​ក៏បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ផ្នែក​ខ្លះ​កាលពី​សប្តាហ៍​មុន​ផងដែរ ។​ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “​ហានិភ័យ​នៃ​ជំងឺ COVID-19 នៅ​ប្រទេស​វៀតណាម​នាពេលនេះ​គឺ​ទាប ហើយ​នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​” ៕