ប៉ូលិសស្រុក​ស្អាង កំពុង​តាមចាប់ខ្លួន​បុរស​ជា​ប្ដី​ដែល​វាយសម្លាប់​ប្រពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2020 ក+ ក-

ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ូលិស ស្រុក​ស្អាងបាន​រាយការណ៍ នៅថ្ងៃទី១១ ឧសភាម្សិលមិញថា មាន ករណីសង្ស័យជា​អំពើឃាតកម្មដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តីវាយ​សម្លាប់​ប្រពន្ធ បន្ទាប់ពីលែងលះគ្នារយៈពេល​ជាង​១​ខែ​មកហើយ។ ករណីនេះ​កើតឡើងនៅ​ថ្ងៃទី​១០ ខែឧសភា​ ឆ្នាំ២០២០ វេលា​ម៉ោង​១៦ ​និង​៣០នាទី នៅ​ចំណុចចិញ្ចើមផ្លូវ​បេតុង​ចូល​វត្តស្អាង​ភ្នំ​ខាងកើត ស្ពានបឹង​កាចា​ន់ ស្ថិតនៅ​​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។

មន្ត្រីប៉ូលិសបុស្តិ៍រដ្ឋបាល ឃុំស្អាងភ្នំបានប្រាប់ឲ្យដឹងថា ​ជនរងគ្រោះ​ជា (​ប្រពន្ធ​) ឈ្មោះ​ នី ឡេ​ហ្សា អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មការិនីរោងចក្រ មាន​ទីលំនៅ​ភូមិពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង (​ស្លាប់​)។ ចំណែកជនសង្ស័យ​ជា ​(​ប្ដី​) ឈ្មោះ​ ជួន សារ៉ន ​អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។​
​ប្រភពបន្តថា កន្លងមក​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធបាន​ឈ្លោះលែងលះគ្នា​រយៈពេល​ជាង​១​ខែ​មកហើយ​។ លុះដល់​ថ្ងៃខែ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូទៅ​កៀរ​ម៉ូតូ​របស់ជនរងគ្រោះ​បណ្ដាល​
ឲ្យ​ធ្លាក់​ពីចិញ្ចើមផ្លូវ រួច​អង្គុយ​និយាយជាមួយ​ប្រពន្ធ បាន​បន្តិច​ជនសង្ស័យបាន​យកដៃ​ឆ្វេង​គៀកករ ហើយ​យកដៃ​ស្ដាំ​ដាល់​ទៅលើដើមទ្រូង​ជនរងគ្រោះ។ ប្រភពបញ្ជាក់ថា ពេល​វាយ​រួច​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​បានដួល​ផ្កាប់មុខ​ទៅលើ​ដី ហើយ​បាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ពេទ្យ តែ​ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។​

ប្រភពឲ្យដឹងទៀតថា ដោយបាន​ការបញ្ជា​ដឹកនាំ​ពីលោកស្នងការ ប៉ូលិសខេត្តកណ្តាល និងទទួលបាន​ការសម្របសម្រួល នីតិវិធី​ពី​លោកព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា ២០២០ មន្ត្រី​ជំនាញ ខេត្ត ស្រុក ប៉ុស្តិ៍​​បាន​ដំណើរការធ្វើ​កោសល្យវិច័យ​លើ​សាកសព និង បើក​ការ​ស៊ើប អង្កេតរកបទល្មើស ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង។ ជា​លទ្ធផលត្រួតពិនិត្យ​សាកសព​សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​(​ឃាតកម្ម​)។ ចំណែកសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារញាតិសន្តានយកទៅធ្វើបុណ្យតាមគន្លងប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតាមដានស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់៕