មន្រ្តីឧទ្យានុរក្សទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2020 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោករដ្ឋលេខាធិការ ខណៈដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ លោកបានបន្ថែមថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់ត្រូវធ្វើការការពារនិងអភិរក្ស ក៏ដូចជាការប្រើប្រាស់ឲ្យមាននិរន្តរភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព នៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៧គ្រឿង របស់ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ៕