រដ្ឋបាលសាលាស្រុកឆែប បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបម្រើសេវាសាធារណ:ជូនពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ រដ្ឋបាលសាលាស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពលោក សុខ សាន្តតារា អភិបាលនៃគណៈអភិបាលស្រុកឆែប ដោយមានការអញ្ជើញចូលរួមពី អាជ្ញារធរ ភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។

បន្ទាប់ពីប្រជុំពិភាក្សាអស់រយ:ពេលជិត៣ម៉ោង លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានណែនាំដល់មន្ទីអង្គភាពទាំងអស់ ក្នុងដែនរដ្ឋបាលស្រុករបស់ខ្លួនត្រួវតែបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ស្រុក និងបន្តផ្តល់សេវាសារធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ទ្ធភាពខ្ពស់ នឹងមានការទទួលខុសត្រូវ។

លោកបានប្រាប់ដល់ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់យកភាពស្មោះត្រង់ ដើម្បីទទួលបានភាពជោគជ័យ លើការចុះអនុវត្តភារកិច្ច នៅចំពោះមុខ ជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក សុខ សាន្តតារា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហាមលួចឆ្លងដែនចូលប្រកបមុខរបបរក្នុងទឹកដីឡាវ ព្រោះអាចបង្កអោយបងប្អូនមានគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។

លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះនៅឡើយទេ។

លោក បានស្នើអោយកូនចៅបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយ:ពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពសុំប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគទាំងនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញាតិមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម៕ ដោយ ៖ កូវ ប៊ុនហេង