កាតារកឃើញករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 May, 2020 ក+ ក-

ដូហា ៖ ក្រសួងសុខាភិបាលនៃប្រទេសកាតា បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៩០នាក់ថ្មីទៀត ទើបត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ នាំឲ្យករណីឆ្លងក្នុងប្រទេសសេដ្ឋីប្រេង និងឧស្ម័នមួយនេះកើនឡើងដល់ ២៦,៥៣៩ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលកាតាបានអះអាងថា ទោះបីជាមានករណីឆ្លងដល់រាប់ម៉ឺននាក់ពិតមែន ប៉ុន្តែសម្រាប់អ្នកស្លាប់វិញ គឺមានចំនួនទាបតែបំផុតតែ ១៤នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយវិញមានចំនួន ៣,១៤៣នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៦,៥៣៩ករណីខាងលើនេះ។ ក្រសួងបញ្ជាក់ថា ភាគច្រើននៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកាតា គឺជាពលករបរទេស ដែលត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែក នៅក្នុងកន្លែងធ្វើការពិនិត្យ និងតាមដានរកវីរុសកូរ៉ូណា ក្រោយពីពួកគេត្រូវបានអាជ្ញាធរស៊ើបដឹងថា ធ្លាប់មានប្រវត្តិទាក់ទង ជាមួយអ្នកឆ្លងជំងឺ COVID-19 មុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញ អាជ្ញាធរកាតាបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ១៣៩,១២៧នាក់ហើយ៕